ទោះគាបច្របាច់ចេញពីផ្លែដោយផ្ទាល់ដៃ ជាទឹកផ្លែឈើសុទ្ធ ទឹកក្រឡុកផ្លែឈើសុទ្ធ កិនគាបថ្មីៗ គ្មានបន្ថែមស្ករសោះយ៉ាងណាក៏ដោយ ក៏ទឹកផ្លែឈើ មិនប្រាកដថាល្អឥតខ្ចោះសម្រាប់សុខភាពឡើយ។ ទឹកផ្លែឈើដ៏បរិសុទ្ធពិតៗនេះ គ្មានតម្លៃផ្នែកអាហារូបត្ថម្ភ និងផលប្រយោជន៍ចំពោះសុខភាពដូច ញ៉ាំផ្លែឈើទាំងមូលទេ។
កាឡូរី
ផ្លែឈើ និងទឹកផ្លែឈើ ផ្តល់ជាតិកាឡូរី មិនដូចគ្នា ៖ ព្រោះដើម្បីបានទឹកផ្លែឈើមួយកែវ តូចល្មមបរិភោគ គេត្រូវការគាបឬច្របាច់ផ្លែឈើ ពីរទៅបីផ្លែ។ ឧទាហរណ៍ ដើម្បីបានទឹកក្រូចច្របាច់មួយកែវ ១២៥មីល្លីលីត្រ គេត្រូវការក្រូចយ៉ាងហោចបីផ្លែ។ បើហូបក្រូចច្រើនផ្លែ កាឡូរីដែលនឹងស្រូបទៅក៏ច្រើនតាមនោះដែរ។ តាមធម្មតាតើអ្នកអាចទទួលទានក្រូចម្តង បីបួនផ្លែទេ ? មិនទេ ! យ៉ាងច្រើនពីរ ក្រពះនឹងស្រែកថាទេឆ្អែតបាត់ទៅហើយ ! តែការពិសារទឹកក្រូចវិញ មួយកូនកែវ១២៥មីល្លីត្រ លើកតែមួយខ្អឹកពិតជាអស់។ ដូច្នេះការទទួលទឹកផ្លែឈើ ជាការបង្កើនជាតិកាឡូរី ឱ្យសរីរាង្គកាយ ដោយមិនខ្លួន ឬដោយគ្មានអារម្មណ៍ថាញ៉ាំលើសចំណុះទេ។
សារធាតុសរសៃ
ជាចុងក្រោយ និងផ្ទុយពីផ្លែឈើ ទឹកផ្លែឈើ អាចជួយបំបាត់អាការៈស្រេកទឹកបានយ៉ាងលឿន ងាយស្រួលញ៉ាំ និងងាយជ្រាបចូលក្នុងសពាង្គកាយណាស់ ! បើជ្រាបចូលលឿន ដូច្នេះវាក៏ងាយនឹងផ្តល់ផលវិបាក គឺងាយធ្វើឱ្យកំរិតជាតិស្ករ និងជាតិអាំងស៊ុយលីន ក្នុងឈាម ឆាប់ប្រែប្រួល ប្តូរផ្លាស់។ ជាតិស្ករអាចឡើងចុះលឿន ដែលជាតំណាងហានិភ័យដ៏ខ្ពស់នៃគ្រោះកើតជំងឺទឹកនោមផ្អែម។ ហានិភ័យកើតមានជំងឺទឹកនោមផ្អែម កើនឡើងដល់ទៅ៨ដង ដោយសារការទទួលទានទឹកផ្លែឈើ បើប្រៀបទៅនឹងការទទួលជាផ្លែឈើ។
ជាងនេះទៅទៀត កាលពីថ្ងៃទី ១៧ឧសភា ខែមុន ក្រុមអ្នកស្រាវជ្រាវអាមេរិក បានចេញផ្សាយលទ្ធផលនៃការសិក្សារបស់ខ្លួន ក្នុងJournal of the American Medical Association ដោយអះអាងថា ការទទួលទានទឹកផ្លែឈើ រាប់ទាំងទឹកផ្លែឈើដែលគេគាបដោយស្រស់ៗផ្ទាល់ដៃ គ្មានលាយអ្វីទាំងអស់ មានតែជាតិផ្លែឈើសុទ្ធក៏ដោយ ក៏បង្កើនគ្រោះឆាប់ស្លាប់មុនអាយុ ប្រមាណពី៩ទៅ៤២%។ គ្រោះថ្នាក់មានកំរិតប្រហាក់ប្រហែលនឹងការទទួលទានទឹកផ្លែឈើបែបឧស្សាហកម្ម ទឹកផ្លែឈើដែលផលិតចេញពីលាយកំហាប់ជាតិផ្លែឈើ និងភេសជ្ជៈកំប៉ុងផ្អែមៗផ្សេងទៀតដែរ។
តើអ្នកវិទ្យាសាស្ត្រពន្យល់យ៉ាងដូចម្តេច ?
មូលហេតុមកពី នៅក្នុងទឹកផ្លែឈើ មានផ្ទុកបរិមាណជាតិស្ករខ្ពស់ខ្លាំង។ ក្នុងទឹកផ្លែឈើ ឧទាហរណ៍ទឹកក្រូច មួយកូនកែវ ដែលស្មើនឹងក្រូចពីរផ្លែ កំរិតជាតិមានដល់ទៅ៤ដុំ ទឹកផ្លែឈើកិនមួយកូនកែវមានកំរិតជាតិស្ករដល់ទៅ ៦ដុំ ចំណែកទឹកកូកាមួយកែវស្មើគ្នាមានស្ករ៥ដុំ។ គ្រាន់តែថាជាតិស្ករនៅក្នុងទឹកផ្លែឈើ ជាជាតិស្ករធម្មជាតិ មិនមែនជាស្ករដាក់បន្ថែមដូចភេសជ្ជៈដទៃទៀតទេ។ តែទោះបីមានប្រភពធម្មជាតិក៏ដោយ ក៏ជាតិស្ករអាចមានឥទ្ធិពលអាក្រក់លើប្រព័ន្ធសរសៃឈាមបេះដូងដែរ និងដល់ថ្លើម ប្រសិនបើយើងទទួលទានវាច្រើនពេក។ នេះបើតាមការពន្យល់របស់អ្នកដឹកនាំការសិក្សា ដោយបញ្ជាក់ថា ៖
តាមរយៈការសិក្សាវិភាគទិន្នន័យព័ត៌មានសុខភាពលើមនុស្សជាង១៣៤៤០នាក់ អាយុចាប់ពី៤៥ឆ្នាំឡើងទៅ ក្នុងរយៈពេល៦ឆ្នាំ អ្នកស្រាវជ្រាវបានសង្កេតឃើញថា សរីរាង្គកាយរបស់ពួកគេដែលទទួលនិងប្រឈមនឹងជាតិស្ករ (ស្ករធម្មជាតិ ក្នុងផ្លែឈើ ឬទឹកឃ្មុំ) ក្នុងកំរិតដ៏ច្រើន នឹងធ្វើឱ្យស៊ាំជាតិអាំងស៊ុយលីន។
ចំណែកការសិក្សារបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យHarvardសហរដ្ឋអាមេរិក បានអះអាងចំៗថា ការទទួលទានផ្លែឈើទាំងមូល កាត់បន្ថយគ្រោះមានជំងឺទឹកនោមផ្អែមប្រភេទទីពីរ ផ្ទុយទៅវិញការទទួលទានទឹកផ្លែឈើជាអ្នកបង្កើនហានិភ័យកើតជំងឺទឹកនោមផ្អែម។
នៅពេលគាប/ច្របាច់ ឬកិនផ្លែឈើយកទឹកមកញ៉ាំ កាកជាតិសរសៃរបស់ផ្លែឈើនោះត្រូវបានកម្ចាត់ចេញ ដូច្នេះហានិភ័យនៃការរក្សាទុកជាតិស្ករfructose (ជាតិស្ករធម្មជាតិក្នុងផ្លែឈើ ឬក្នុងទឹកឃ្មុំ) នៅក្នុងថ្លើម កើនខ្ពស់។ មិនដូចការទទួលទានសាច់ផ្លែឈើទេ ទឹកផ្លែឈើជ្រាបចូលទៅក្នុងសរីរាង្គកាយយ៉ាងលឿន។ នៅពេលជាតិស្ករទៅដល់ថ្លើមលឿនពេក ថ្លើមមិនដឹងថាត្រូវធ្វើដូចម្តេចទេ មិនអាចស្រូបនិងមិនអាចបំលែងដោយសន្សឹមៗបានឡើយ។ ជាលទ្ធផល ជាតិស្ករហ្វ្រុចតូសនេះ នឹងទៅកកស្តុកទុក ក្នុងទម្រង់ជាខ្លាញ់នៅថ្លើម និងសម្រួលឱ្យមានជំងឺខ្លាញ់រុំថ្លើម។ មួយភាគធំនៃជាតិស្ករដែលប្រែទម្រង់ទៅជាខា្លញ់នោះ ហូរឆ្លងតាមឈាម និងទៅបង្កើនភាពស៊ាំនឹងជាតិស្ករអាំងស៊ុយលីនដល់កោសិកា ទើបបានជាមានគ្រោះហានិភ័យកើតជំងឺទឹកនោមផ្អែមឡើង។
សរុបទៅ ទឹកផ្លែឈើមិនអាចជំនួសផ្លែឈើវាបានទេ។ គួរតែជ្រើសរើសការទទួលទានផ្លែឈើទាំងមូល ដោយ ចិតដុំ ដោយខាំ ទំពារ មុននឹងលេបចូល ទៅក្នុងពោះ នូវផ្លែឈើរឹង ព្រោះជាដំណាក់កាលទីមួយ នៃការរំលាយអាហារ។ ដំណាក់កាលដ៏សំខាន់សម្រាប់ឱ្យក្រពះបញ្ចេញទឹកពីក្រពេញរំលាយអាហារ ទៅកិនបំបែកជាតិសរសៃ ឱ្យម៉ដ្ឋរលាយ។ ដំណាក់កាលទីមួយនេះ ក៏ជាពេលវេលាដ៏ចំបងដែលជាសារផ្តល់ព័ត៌មានប្រាប់ទៅប្រព័ន្ធប្រសាទ ខួរក្បាលអំពីរសជាតិអាហារ និងអំពីដំណើរការផលិតជាតិស្ករ ថាកំពុងចាប់ផ្តើម និងបានមកដល់នៅក្នុងមាត់ហើយ។ នេះជាពន្យល់លម្អិតរបស់លោកវេជ្ជបណ្ឌិត Arnaud Cocaul គ្រូពេទ្យឯកទេសចំណីអាហារនៃមន្ទីរពេទ្យ Pitié Salpêtrière ក្រុងប៉ារីស ដោយរំលឹកទៀតថា “ហានិភ័យនៃការទទួលទានទឹកផ្លៃឈើ ឬអាហាររាវផ្សេងទៀត គឺពិសារហួសកំរិតជាតិស្ករ និង បញ្ច្រៀបជាតិកាឡូរី ដោយមិនដឹងខ្លួន ក្រៅរបបអាហារព្រោះខួរក្បាលមិនបានទទួលដឹង”។ ផឹកទឹកផ្លែឈើគឺជាការពន្លឿនការបំផ្លាញយន្តការសរីរាង្គកាយ និងធ្វើឱ្យក្រពះផ្តើមដំណើរការរំលាយ មុនអាហារចូលដល់។ ពោលគឺ វានឹងចូលរួមចំណែក បំផ្លែងជាតិស្ករយឺត ឱ្យទៅជាតិស្ករបញ្ច្រៀបលឿន។
កំរិតនៃការទទួលទានទឹកផ្លែឈើ
ថ្វីបើអ្នកស្រាវជ្រាវអាមេរិកមួយចំនួនទៀត មិនតក់ស្លុត មិនស្រែកអាសន្ននឹងលទ្ធផលនៃការស្រាវជ្រាវនេះ ដោយទាមទារឱ្យមានការសិក្សាបន្ថែម ឱ្យកាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយខ្លាំងជាងនេះមែន ប៉ុន្តែគ្រប់អ្នកវិទ្យាសាស្ត្រសុទ្ធតែយល់ស្របគ្នា អំពីសារៈប្រយោជន៍នៃការទទួលផ្លែឈើ។ ចំណែក ការបរិភោគទឹកផ្លែឈើ ត្រូវមានកំរិត យ៉ាងច្រើនបំផុត ត្រឹម ១៨សង់ទីលីត្រ ក្នុងមួយថ្ងៃ សម្រាប់ក្មេងក្រោមអាយុ៦ឆ្នាំ និងយ៉ាងច្រើនបំផុត ត្រឹម២៣សង់ទីលីត្រ សម្រាប់ក្មេងធំនិងមនុស្សធំពេញវ័យ។
ដើម្បីអាចទាញប្រយោជន៍ពីទឹកផ្លែឈើ និងកាត់បន្ថយគ្រោះថ្នាក់ចំពោះសុខភាព សូមទទួលទានទឹកផ្លែឈើ ក្នុងពេលបាយ។ ឥទ្ធិពលនៃទឹកផ្លែឈើមិនសូវបង្កគ្រោះថ្នាក់ទេនៅពេលញ៉ាំនិងបញ្ច្រៀបចូលក្នុងពេលជាមួយនឹងការស្រូបជាតិសរសៃ។ ប្រសិនបើអ្នកចូលចិត្តមែនទែន សូមយកទឹកផ្លែឈើ/ទឹកក្រូចច្របាច់ដោយខ្លួនឯង ឬទឹកក្រូចសុទ្ធទិញពីផ្សារ មកជាមួយទឹក មុននឹងទទួលទាន។ ទឹកក្រូច ឬទឹកផ្លែឈើមួយភាគ ទឹកពីរភាគ គឺជាជម្រើសដ៏ប្រពៃ។ បើឱ្យកាន់តែប្រសើរទៀត គឺសូមទទួលទានផ្លែឈើរាល់ថ្ងៃ ឯទឹកផ្លែឈើតែក្នុងពិធីការ ពិធីបុណ្យម្តងកាល៕
ឯកសារយោង
https://a3box.com/admin/post/t1/update/26