នៅពេលអាកាសធាតុក្តៅ ស្អុសស្អាប់ខ្លាំង រកឃើញកន្លែងមានម៉ាស៊ីនត្រជាក់ ជ្រក ជាផាសុកមួយដែលមិនអាចបរិយាយបានទេ ! ត្រជាក់ស្រួលជាងក្តៅ ! នៅពេលអាកាសធាតុត្រជាក់ ធ្វើឱ្យយើងបានគេងសម្រាកស្រួល និងលក់ស្កប់ស្កល់ល្អ បាយក៏ឆ្ងាញ់ ហើយមិនសូវហត់អស់កម្លាំងទៀត តែភាពត្រជាក់ផ្តល់ដោយម៉ាស៊ីនត្រជាក់ មិនបរិសុទ្ធផូរផង់ឥតខ្ចោះឡើយ។ ដូចឈ្មោះដែលបានហៅ ម៉ាស៊ីនត្រជាក់ បានធ្វើឱ្យខ្យល់ក្តៅ ក្លាយជាខ្យល់ត្រជាក់ និងជាខ្យល់ស្ងួតខ្លាំង។ បើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Dr Mathieu Calafiore គ្រូពេទ្យជំនាញទូទៅ ខ្យល់ស្ងួតដោយសារម៉ាស៊ីនត្រជាក់ ប៉ះពាល់ជាពិសេសដល់ច្រមុះ មាត់ បំពង់ក ស្បែក និងភ្នែក ដោយធ្វើឱ្យសរីរាង្គទាំងនោះមានភាពស្ងួតខុសប្រក្រតី។
ម៉ាស៊ីនត្រជាក់និងជំងឺ
ក្នុងករណីជួបអាការៈស្ងួតមាត់ ស្ងួតបំពង់ក មិនបាច់ស្វែងរកថ្នាំបៀម ឬថ្នាំលេបនៅឱសថស្ថានទេ ផ្សើមជាមួយទឹកមាត់ជាវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពជាងគេ។ បើភ្នែកឡើងស្ងួត ហើយអ្នកមានពាក់ឡែនខុនតាក់ទៀត សូមប្រើទឹកសេរ៉ូមហ្វីស្យូឡូហ្ស៊ី ឬទឹកភ្នែកសិប្បនិម្មិតជាជំនួយ។
ម៉ាស៊ីនត្រជាក់ ជាប់ឈ្មោះអាក្រក់ថាខាងធ្វើឱ្យយើងកណ្តាស់ ឬហៀសំបោរ ! នេះជាករណីរំខាន ស្រាលៗ ដែលគេច្រើនជួបប្រទះយ៉ាងញឹកញាប់ តែម៉ាស៊ីនត្រជាក់ក៏ជាដើមហេតុ បង្កផលរំខានមួយចំនួនផ្សេងទៀត ដូចធ្វើឱ្យមានផ្សិត ប្រតិកម្មអាល់ឡែកហ្ស៊ី និងជំងឺបង្ករោគនៅប្រព័ន្ធច្រមុះត្រចៀកបំពង់ក។
ជាប្រជុំសញ្ញារោគឈឺក្នុងផ្ទះថ្ម ដែលពុំសូវមាននរណាស្គាល់ទេ តែវាអាចកើតឡើង ដោយគ្រាន់តែយើងធ្វេសប្រហែសបន្តិច ក្នុងការប្រើម៉ាស៊ីនត្រជាក់។ ប្រជុំសញ្ញារោគនោះ គឺជារោគសញ្ញាដែលប្លែកៗគ្នា កើតនៅលើប្រព័ន្ធផ្លូវដង្ហើម នៅភ្នែក លើស្បែក លើញាណអារម្មណ៍ និងប្រព័ន្ធប្រសាទចិត្តសាស្ត្រ ..។ រោគសញ្ញាដ៏ពិបាកពិពណ៌នានេះ នឹងបាត់រលុបទៅវិញភ្លាម នៅពេលណាយើងដើរចេញពីផ្ទះ ពីបន្ទប់ ពីអាគារមានម៉ាស៊ីនត្រជាក់។
ផ្តាសាយ រលាកពោះវៀន ក៏អាចត្រូវបានម៉ាស៊ីនត្រជាក់ជាអ្នកជួយចម្លងវីរ៉ុស ពីម្នាក់ទៅមា្នក់បានដែរ តែករណីបែបនេះវាអាស្រ័យទៅលើកត្តាច្រើនយ៉ាងទៀត ៖ ទីមួយមកពីបន្ទប់ ឬអាគារមានបំពាក់ម៉ាស៊ីនត្រជាក់ តែគ្មានប្រព័ន្ធឬរន្ធហើយបង្វិលខ្យល់។ មានតែម៉ាស៊ីនការបន្សុទ្ធខ្យល់ ពេលខ្លះមិនគ្រប់គ្រាន់នឹងបណ្តេញវីរ៉ុសដែលខ្លះអាចធុននិងរស់នៅក្នុងខ្យល់បានឡើយ។ ដោយទម្រង់នៃវីរ៉ុសខ្លះទៀត បូកផ្សំនឹងប្រសិទ្ធភាពនៃប្រព័ន្ធចម្រោះខ្យល់ ម៉ាស៊ីនត្រជាក់អាចត្រូវបានគេចាត់ទុកជាតំណាងហានិភ័យមួយចម្លងជំងឺផ្តាសាយឬរលាកពោះវៀន។
ម៉ាស៊ីនត្រជាក់ជម្រកបាក់តេរី
ម៉ាស៊ីនត្រជាក់ អាចបង្កឱ្យជំងឺម្យ៉ាងទៀត ដែលជាជំងឺធ្ងន់ធ្ងរ ដល់ស្លាប់ តែជាករណីក៏កម្របំផុត។ នោះគឺជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគ légionelle។ ជំងឺនេះសម្គាល់ដោយការចុះខ្សោយនៃប្រព័ន្ធផ្លូវដង្ហើម ក្តៅខ្លួន និងការធ្លាក់ខ្លួនស្គម ឬស្លាប់តែម្តង ក្នុង១០ករណីលើមួយរយ។ កាលពីឆ្នាំ១៩៧៦ បាក់តេរី Légionelle ភ្នាក់ងារបង្កជំងឺសួតធ្ងន់ធ្ងរ បានចម្លងជំងឺតាមម៉ាស៊ីនត្រជាក់ទៅលើមនុស្សចំនួន២២០នាក់ ដែលមកចូលរួមប្រជុំអង្គុយក្នុងសាលតែមួយ។ ៣៤នាក់បានសម្លាប់។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេក៏សង្កេតឃើញមានមនុស្សរាប់រយនាក់ផ្សេងទៀត បានកើតជំងឺសួតធ្ងន់ធ្ងរ បង្កឡើងដោយបាក់តេរី Légionelle ក្នុងម៉ាស៊ីនត្រជាក់ នៅប្រទេសបារាំង។
តើបាក់តេរីនេះចម្លងរាលដាលយ៉ាងដូចម្តេច ? បើតាមការពន្យល់របស់លោកវេជ្ជបណ្ឌិត Dr Calafiore បាក់តេរី មានសមត្ថភាពពង្រីកខ្លួនបានយ៉ាងរហ័ស ក្នុងកំរិតសីតុណ្ហភាពពី ២៥ទៅ៤៣អង្សារសេ នៅក្នុងសំណល់ទឹកនៃប្រព័ន្ធម៉ាស៊ីនត្រជាក់។ បើគ្មានការថែទាំប្រព័ន្ធបង្ហូរទឹកម៉ាស៊ីនត្រជាក់ សម្អាតឱ្យបានត្រឹមត្រូវទេ នោះបំពង់បង្ហូរទឹកចេញពីប្រព័ន្ធត្រជាក់ នឹងក្លាយទៅជាជង្រុកចិញ្ចឹមបាក់តេរី មីក្រុប ចម្លងមកមនុស្សវិញជាក់ជាពុំខាន។
ម៉ាស៊ីនត្រជាក់សម្រួលសុខភាពមនុស្សចាស់
ម៉ាស៊ីនត្រជាក់មិនមែនជាវត្ថុដ៏សំខាន់និងចាំបាច់មិនអាចខ្វះបានឡើយ ! បើតាមគ្រូពេទ្យជំនាញ មនុស្សយើងអាចផ្ចង់អារម្មណ៍បានល្អ និងធ្វើការពេញកម្លាំង ក្នុងអាកាសធាតុធម្មជាតិ។ តែម៉ាស៊ីនត្រជាក់ក៏អាចល្អ និងជួយដល់មនុស្សចាស់ ដែលនៅពេលចូលដល់វ័យជរា ប្រព័ន្ធបញ្ចេញញើសលែងសូវដំណើរការល្អ ហើយលែងសូវដឹងចេះស្រេកទឹក។ ដូច្នេះ ក្នុងពេលមានអាកាសធាតុឡើងក្តៅខ្លាំង មនុស្សចាស់ងាយនឹងជួបគ្រោះខ្សោះទឹក រហូតដល់ស្លាប់ដោយមិនដឹងខ្លួន។
ម៉ាស៊ីនត្រជាក់ ក៏អាចមានប្រយោជន៍សម្រាប់អ្នករស់នៅទីក្រុង ដែលមានខ្យល់បរិយាកាសពុលខ្លាំង។ ក្រៅអំពីធ្វើឱ្យខ្យល់ត្រជាក់ តម្រងម៉ាស៊ីនត្រជាក់ក៏អាចច្រោះជាតិពុលមកពីក្រៅផ្ទះ។ នេះបើតាមការពន្យល់បំភ្លឺរបស់លោកវេជ្ជបណ្ឌិត Dr Michelle Bell សាស្ត្រាចារ្យផ្នែកសុខភាពបរិស្ថាននៅសកលវិទ្យាល័យYale។ ការសិក្សានៅឆ្នាំ២០០៩ បានបង្ហាញថា បន្ទប់ដាក់ម៉ាស៊ីនត្រជាក់ដែលមានការថែទាំ ដោយត្រឹមត្រូវ គោរពតាមក្បួនខ្នាតអនាម័យសុខភាពសាធារណៈ មានខ្យល់ពុលតិចជាងបន្ទប់បើកទ្វារបង្អួច។
ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី ក៏ក្រុមគ្រូពេទ្យបានយល់ព្រមគ្នា ផ្តល់អនុសាសន៍ ឱ្យអ្នកប្រើប្រាស់ បើកទ្វារបង្អួចផ្ទះ ឱ្យខ្យល់ចេញចូលនៅពេលព្រលឹម ឬព្រលប់ ឱ្យបានយ៉ាងហោចណាស់ ពី១៥ទៅ២០នាទីក្នុងមួយថ្ងៃ។
របៀបប្រើម៉ាស៊ីនត្រជាក់ដោយគ្មានគ្រោះថ្នាក់
ម៉ាស៊ីនត្រជាក់ជាវត្ថុបំពុលបរិស្ថាន និងស្រូបថាមពលខ្លាំងណាស់។ បើតាមរបាយការណ៍ចេញផ្សាយកាលពីខែឧសភា ម៉ាស៊ីនត្រជាក់ស៊ីភ្លើងអស់ប្រមាណ១០%នៃការប្រើថាមពលអគ្គីសនីនៅលើពិភពលោក។ គេមិនអាចបន្ទោស និងទម្លាក់កំហុសគ្រប់បែបយ៉ាងដាក់ម៉ាស៊ីនត្រជាក់ ដែលពិភពលោកត្រូវការការប្រើប្រាស់កាន់តែទូលំទូលាយ នោះឡើយ។ ជាញឹកញយ ឥទ្ធិពលអាក្រក់របស់ម៉ាស៊ីនត្រជាក់មកលើសុខភាព ច្រើនតែបង្កឡើងដោយកង្វះថែទាំសម្អាតម៉ាស៊ីននោះមិនបានត្រឹមត្រូវ។ ដូច្នេះដើម្បីបញ្ចៀសផលវិបាកតូច ឬធំ គេមិនចាំបាច់ទៅគាល់កកាយរកគម្ពីណាឆ្ងាយឡើយ។
សូមប្រើម៉ាស៊ីនត្រជាក់ឱ្យបានត្រឹមត្រូវ !
-ហាម កំរិតសីតុណ្ហភាពម៉ាស៊ីនត្រជាក់ ឱ្យត្រជាក់ខ្លាំង ក្រោម២១អង្សារសេ។ មិនត្រូវឱ្យសីតុណ្ហភាពខាងក្នុងខុសឆ្ងាយពីកម្តៅខាងក្រៅលើសពី១០អង្សារ។ បើរក្សាភាពត្រជាក់ ត្រឹម ៥-៦អង្សារ ក្រោមសីតុណ្ហភាពខាងក្រៅគឺជាការប្រសើរបំផុត។ សរីរាង្គមនុស្សយើងងាយនឹងរងការប៉ះទង្គិចណាស់ នៅពេលមានការប្តូរផ្លាស់អាកាសធាតុ និងគម្លាតសីតុណ្ហភាពឆ្ងាយគ្នាពេក ដែលហៅតាមភាសាបារាំងថា Choc Thermique ឆក់កម្តៅ។ អាការៈបែបនេះអាចនឹងធ្វើឱ្យយើងសន្លប់បាត់ស្មារតី ឬគាំងបេះដូង ក្នុងករណីធ្ងន់ធ្ងរខ្លាំង។
-ព្យាយាម ថែទាំ លាងសម្អាត ឬប្តូរកញ្ច្រែងម៉ាស៊ីនត្រជាក់ ជូតចម្រាសទឹកសំណល់ម៉ាស៊ីនត្រជាក់ ដោយខ្លួនឯងឬដោយអ្នកឯកទេសម៉ាស៊ីនត្រជាក់ យ៉ាងហោចណាស់ក៏មួយឆ្នាំម្តង ដើម្បីជម្រុះផ្សិត ធូលី ឬលំអងផ្សេង ចម្លងខ្យល់ត្រជាក់ទៅជាខ្យល់មានមេរោគ។
-កុំបញ្ចាំងខ្យល់ម៉ាស៊ីនត្រជាក់ឱ្យចំមុខ ជាពិសេសនៅក្នុងរថយន្ត សូមកាច់ទិសខ្យល់ឱ្យបាញ់ទៅចុងជើង។ ពេលខ្យល់ចាប់ត្រជាក់ហើយ ក៏ត្រូវរក្សាទិសម៉ាស៊ីនត្រជាក់ទៅជើង ដដែល ដើម្បីកុំឱ្យខ្យល់នេះបាញ់ត្រង់ទៅប៉ះប្រព័ន្ធផ្លូវដង្ហើម ដែលក្លាយជាបញ្ហាស្ងួត ឬរលាក។ ចំពោះកំរិតសីតុណ្ហភាពវិញ ត្រូវទាបជាងកម្តៅនៅក្រៅឡានតែប្រមាណ៤-៨អង្សារ។ បិទម៉ាស៊ីនត្រជាក់ឡាន ប្រមាណជា១០ទៅ១៥នាទី មុនពេលទៅដល់ទិសដៅ។
ឯកសារយោង
https://www.rfi.fr/km/cambodia/20180801