បរិយាយ
ប្រើប្រាស់មនុស្ស ដឹកនាំមនុស្ស ធ្វើឲ្យមនុស្សស្រលាញ់ចូលចិត្ត បង្កើតភាពស្និតស្នាល ជំនាញទំនាក់ទំនង ស្ទូចចិត្តមនុស្ស យល់ដល់ជម្រៅចិត្តមនុស្ស បង្កើតឥទ្ធិពលលើមនុស្ស ។
សិល្បៈនៃការទំនាក់ទំនងគឺជារឿងសំខាន់ដែលមិនអាចខ្វះបាននៅក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាទំនាក់ទំនងការទូត ពាណិជ្ជកម្មជាតិ និងអន្តរជាតិ.... ពីព្រោះយើងមិនអាចរស់នៅដាច់ដោយឡែកតែឯងដោយគ្មានការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនឡើយ។
ការប្រាស័យទាក់ទងអ្នកដទៃប្រកបដោយប្រសិទ្ធភាពនិងភាពទាក់ទាញគឺទាមទារអោយយើងមានសិល្បៈខ្ពស់ដែលសិល្បៈខ្ពស់នៅទីនេះចង់សំដៅទៅលើការប្រាស្រ័យទាក់ទងប្រកបដោយចិត្តសាស្ត្រ និងប្រសិទ្ធភាពខ្ពស់។ ចុះអ្វីទៅដែលហៅថាចិត្តសាស្ត្រនោះ? ចិត្តសាស្ត្រនៅក្នុងការទំនាក់ទំនងចង់សំដៅទៅលើ:
១ ត្រូវស្វែងយល់ទីជម្រៅនៃចិត្តមនុស្សថាតើមនុស្សស្រឡាញ់ចូលចិត្តអ្វី ចង់បានអ្វី មានគោលបំណងអ្វី មានគោលដៅ និង ក្ដីសុបិនយ៉ាងណា....។ គឺស្វែងយល់ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ទើបយើងអាចចាប់ក្របួចបេះដូងរបស់មនុស្សបាន។ ឧទាហរណ៍យើងចង់ស្ទូចត្រីនៅក្នុងបឹងអញ្ចឹង។ យើងត្រូវស្វែងយល់ថាតើត្រូវនៅក្នុងបឹងនោះចូលចិត្តស៊ីនុយអ្វី?
២ ក្រោយពីស្វែងយល់ទទួលបានព័ត៌មានបានគ្រប់ជ្រុងជ្រោយហើយ ត្រូវប្រើសិល្បៈទំនាក់ទំនងជាមួយ។ តើត្រូវធ្វើយ៉ាងណាដើម្បីស្វែងយល់ពីអ្នកដទៃបានស៊ីជម្រៅនិងប្រើសិល្បៈទំនាក់ទំនងបែបណាទើបមានប្រសិទ្ធភាពនោះ? បើអ្នកពិតជាចង់បានចម្លើយ អញ្ចឹងសៀវភៅនេះមានគុណតម្លៃ និងគុណប្រយោជន៍សម្រាប់អ្នកជាមិនខាន។ សូមអ្នកអានដោយយកចិត្តទុកដាក់បំផុត ហើយយកគោលការណ៍ណាដែលមានប្រយោជន៍មកអនុវត្តជាមួយនឹងស្ថានភាពជាក់ស្ដែងរបស់អ្នកទៅចុះ។ (ដោយលោកគ្រូ អួន សារ៉ាត់)