បរិយាយ
ប្រមូលផ្ដុំនូវគំនិតមាសរបស់សហគ្រិនប៉ិនប្រសប់ជាច្រើននាក់លើលោក
អត្រាអត់ការងារធ្វើគឺកើតមានឡើងនៅគ្រប់ប្រទេសលើពិភពលោកមិនថាប្រទេសណាជាប្រទេសណានោះទេ គ្រាន់តែប្រទេសណាដែលគេអភិវឌ្ឍជឿនលឿន អត្រាអត់ការងារធ្វើនៅប្រទេសនោះមានអត្រាទាប ហើយប្រទេសកំពុងអភិវឌ្ឍន៍ អ្នកអត់ការងារធ្វើមានអត្រាខ្ពស់តែប៉ុណ្ណោះ។ ហេតុអ្វីបានជាមានរឿងនេះកើតឡើង? តើមនុស្សពិតជាខ្វះការងារធ្វើមែនឬ? តាមទស្សនៈរបស់ខ្ញុំ ខ្ញុំគិតថានៅលើពិភពលោកនេះមិនខ្វះការងារធ្វើទេ មានតែការងារទេដែលខ្វះមនុស្សធ្វើនោះ។ មានន័យថាការងារនៅលើលោកនេះនៅមានច្រើនណាស់ដែលមិនទាន់មានមនុស្សធ្វើឬបង្កើតឡើង។ គេសង្កេតឃើញថាប្រទេសណាដែលជាប្រទេសបង្កើតឬផលិត ប្រទេសនោះប្រាកដជាមិនខ្វះឬសម្បូរការងារធ្វើអត្រាអត់ការងារមានកម្រិតទាបតែបើប្រទេសណាដែលជាប្រទេសនាំចូល ឬប្រទេសប្រើប្រាស់គឺចាំតែទិញពីគេនោះ ប្រទេសនោះអត្រាអត់ការងារធ្វើមានកំរិតខ្ពស់។ ដូច្នេះការងារគឺជាចំណែកមួយដែលអាចជួយជំរុញឲ្យសេដ្ឋកិច្ចគ្រួសារសេដ្ឋកិច្ចជាតិឬសេដ្ឋកិច្ចពិភពលោកដើរទៅមុខឆ្ពោះទៅរកភាពរីកចម្រើន។ ក្នុងនាមយើងជាកោសិកាសង្គមអ្នកគម្រោងចាំរាជរដ្ឋាភិបាលបង្កើតការងារឲ្យយើងធ្វើ យើងត្រូវរួមចំណែកធ្វើឬបង្កើតការងារជាមួយរដ្ឋាភិបាលដោយផ្ដើមចេញពីយើងធ្វើជាសហគ្រិនដ៏ឆ្នើមម្នាក់។ តើសហគ្រិនជាអ្វី? ហើយសហគ្រិនត្រូវមានគុណសម្បត្តិអ្វីខ្លះ? តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់? តើសហគ្រិនអាចជួយប្រទេសជាតិឬពិភពលោកបានអ្វីខ្លះ? នៅក្នុងសៀវភៅនេះនឹងបរិយាយពណ៌នាអំពីសហគ្រិនដ៏ប៉ិនប្រសប់ជាច្រើននាក់នៅលើលោកដើម្បីបង្ហាញជូនដល់លោកអ្នកជាទុនជាមាគ៌ាដើម្បីឈានឆ្ពោះទៅរកសហគ្រិនភាព (ដោយលោកគ្រូ អួន សារ៉ាត់)